ជំរាបសួរ នាងខ្ញុំ មឿន ស៊ុនម៉ាឡែន អ្នករចនាក្រាភិក និងជាស្ថាបនិក ហាងផលិតផលបរិស្ថាន “រំដួលអេកូ” បានចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០១៩។ រំដួលអេកូបង្កើតឡើងព្រោះតែការស្រឡាញ់បរិស្ថាន និងការព្រួយបារម្ភចំពោះបរិស្ថាន ដោយយល់ឃើញថាសំរាមប្លាស្ទិករាយប៉ាយ គ្មានសណ្ដាប់ធ្នាប់ សំរាមធ្វើអោយខូចសោភណភាពបរិស្ថាន វារំខានខ្លាំងណាស់ នឹងមានផលប៉ះពាល់ដល់ជីវិតសត្វ ធម្មជាតិ និងមនុស្សលោកនៅថ្ងៃអនាគតជាខ្លាំង។ រំដួលអេកូបានជួយ ណែនាំពីផលិតផលផ្សេងៗដែលអាចប្រើប្រាស់ជំនួសថង់ប្លាស្ទិកបានជាច្រើន និងបានលក់ផលិតផលបរិស្ថានដែលផលិតដោយស្នាដៃខ្មែរទៅក្រៅប្រទេស និងជាពិសេសគឺបានជំរុញទឹកចិត្ត យុវជននិងមនុស្សជុំវិញខ្លួនឲ្យគិតគូរពីបរិស្ថាន កាត់បន្ថយប្លាស្ទីក និងយល់ពីផលវិបាកនៅថ្ងៃខាងមុខ ហើយពួកគេងាកមកប្រើប្រាស់ផលិតផលបរិស្ថានវិញ។ ហើយចំនុចគោលរបស់ រំដួលអេកូ គឺយើងផ្ដោតលើការយកចិត្តទុកដាក់ចំពោះបរិស្ថាន និងមានចំនុចពិសេសមួយទៀតដោយបានបញ្ចូលស្នាដៃរចនារបស់ខ្ញុំផ្ទាល់ទៅលើសម្ភារៈមួយចំនួន ដើម្បីឲ្យមានសោភ័ណភាព និងចង់ប្រើប្រាស់នៅពេលលើកមកកាន់នៅដៃ។ រូបភាពតំណាងខ្មែរទាំងនោះមានដូចជា ល្ខោនខោល អប្សរា ចាប៉ីដងវែង ដើមត្នោត អង្គរវត្ត ផ្ការំដួលជាដើម។ប្រជាជនខ្មែរបច្ចុប្បន្នស្ទើរគ្រប់មជ្ឈដ្ឋានទាំងអស់បានងាកមកប្រើប្រាស់ផលិតផលខ្មែរជាច្រើន ជាពិសេសគឺផលិតផលដែលទាក់ទងវប្បធម៌ និងបរិស្ថាននេះឯង។ រំដួលអេកូមានផលិតផលជាច្រើនមុខ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ប្រចាំខែ ដូចជាដបទឹក ច្រាស់ដុសធ្មេញ បំពង់បឺត កែវ ក្រណាត់អនាម័យស្ត្រី សៀវភៅអានជាដើម។ ផលិតផលរបស់យើងភាគច្រើនផលិតពីឫស្សី កញ្ចូត ស្លឹកចាក ក្រណាត់កប្បាស ដែលការផលិតមិនមានផលប៉ះពាល់ដល់បរិស្ថាន រឺរបស់អភិរក្សណាមួយ។ ថ្មីៗនេះខ្ញុំកំពុងរៀបចំផលិតដោយដៃខ្លួនឯងផ្ទាល់ គឺសម្ភារៈវេចខ្ចប់អាហារ នំ បន្លែផ្សេងៗ ដែលផលិតឡើងដោយធម្មជាតិ ដើម្បីជាចំណែកកាត់បន្ថយប្លាស្ទីកមួយផ្នែកធំ ហើយងាយស្រួលយកតាមខ្លួនទៀតផង។ “ខ្ញុំមិនអាចហាមឃាត់នរណាម្នាក់មិនឱ្យប្រើប្រាស់ប្លាស្ទិកនោះទេ ប៉ុន្តែខ្ញុំអាចបង្ហាញពីអ្វីដែលមានហើយល្អជាងប្លាស្ទិក បង្ហាញទៅកាន់អ្នកគ្រប់គ្នា” សង្ឃឹមថាបងប្អូនខ្មែរគាំទ្រ ឈ្វេងយល់ពីសំរាមប្លាស្ទិច ព្យាយាមកាត់បន្ថយ និងចូលរួមផ្លាស់ប្ដូរទំលាប់ដើម្បីសង្គ្រោះផែនដីពណ៌បៃតងរបស់យើង។

Address: Social hub Apartment, 12000 Street 13B, 2004, Phnom Penh

Phone: +855 95 79 77 20

Email: [email protected]

Telegram: @Romdoul_eco

facebook page: https://web.facebook.com/RomdoulEco/